តាកែវ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់មន្ដ្រីក្រោមឱវាទថា ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ ហើយត្រូវដឹងសុខទុក្ខពីប្រជាពលរដ្ឋផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា «ក្នុងនាមកងកម្លាំង ត្រូវតែបម្រើការពារសុខសុវត្ថិភាព ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចការសន្តិសុខដោយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ដឹងសុខទុក្ខប្រជាពលរដ្ឋផ្តល់ការទំនាក់ទំនង និងភាពងាយស្រួលជូនពលរដ្ឋ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល»។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្ដថា ក្នុងនោះ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ត្រូវដាក់ចេញនូវរបបប្រជុំឲ្យបានទៀងទាត់ ដោយក្នុងនោះស្នងការនគរបាលខេត្ត ត្រូវដើរតួនាទីជាសេនាធិកាជូនគណៈបញ្ជាការឯកភាពខេត្ត និងលើកយករាល់បញ្ហាផ្សេងដែលកើតមានក្នុងមូលដ្ឋានមកដាក់ក្នុងអង្គប្រជុំ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ។

លើសពីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានសំណូមពរចំនួន ៤ចំនុច ឲ្យស្នងការនគរបាលខេត្តតាកែវ ដើម្បីបន្តដឹកនាំអង្គភាពទទួលបានជោគជ័យ ដូចជា៖ ១-សូមឲ្យស្នងការនគរបាលខេត្តតាកែវ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរ និងកម្លាំងពាក់ព័ន្ធពាក់ព័ន្ធ ,២-សូមឲ្យស្នងការនគរបាលខេត្ត ត្រូវពង្រឹងវិន័យ របៀបរបបការងារ ពិសេសនគរបាលចរាចរណ៍អនុវត្តនៅលើដងផ្លូវ ត្រូវពង្រឹងសីលធម៌ និងត្រូវមានគុណធម៌ ,៣-សូមឲ្យស្នងការនគរបាលខេត្ត ពង្រឹងបន្ថែមដល់មន្ត្រីនគរបាលតាមរយៈការហ្វឹកហាត់ ការរៀនសូត្របណ្តុះបណ្តាលបំប៉នតាមជំនាញបន្ថែមទៀតដល់មន្ត្រីនគរបាលចរាចរណ៍ អន្តរាគមន៍និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យមានគុណភាព និងសមត្ថិភាព ,៤-សូមឲ្យស្នងការនគរបាលខេត្ត បន្តយកចិត្តទុកដាក់ក្នុងការសរសើរជូនរង្វាន់ដល់មន្ត្រីនគរបាលដែលបានបំពេញតួនាទី និងភារកិច្ចល្អ ទន្ទឹមនោះក៏ត្រូវមានការដាក់ពិន័យផងដែរ ចំពោះមន្ត្រីនគរបាលរូបណា ដែលបានធ្វើខុសវិន័យឲ្យបានធ្ងន់ធ្ងរ ដោយអនុវត្តតាមច្បាប់ឲ្យបានស្មើភាពគ្នាដោយមិនគិតពីសក្កិយស និងឋានៈតួនាទី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ