មីយ៉ាន់ម៉ា៖ មេខ្លោងឆបោកតាមអនឡាញ នៅតំបន់ស្វយ័ត Kokang ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ូលីសមីយ៉ាន់ម៉ាបើកប្រតិបត្តិការចុះបង្គ្រាបដោយចាប់ខ្លួនប្រគល់ឱ្យអាជ្ញាធរចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Crime News នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជនសង្ស័យ Ming Guoping Ming Julan និង Ming Zhenzhen គឺជាមេខ្លោងដឹកនាំសំខាន់ៗនៃ ក្រុម ឧក្រិដ្ឋជនឆបោកតាមអនឡាញ នៅតំបន់ស្វយ័ត Kokang ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានប្រគល់ឲ្យប៉ូលិសចិន។ ចំណែក លោក Ming Xuechang បានធ្វើអត្តឃាតខ្លួនឯង កាលពីយប់ថ្ងៃទី ១៥ ដោយភ័យខ្លាចការដាក់ ទោស អំឡុងពេលប្រតិបត្តិការចាប់ខ្លួនដែលធ្វើឡើងដោយភាគីមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា មេដឹកនាំឧក្រិដ្ឋជន Ming Xuechang គឺជាជនសំខាន់នៃគ្រួសារ Ming ដែលត្រូវបាន តែងតាំងជាអភិបាលស្រុក Kokang ដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០០៩ ហើយ លោក Ming Xuechang និង គ្រួសាររបស់គេបានបង្កើតមូលដ្ឋានឆបោកអនឡាញដោយសម្ងាត់មួយដែលមានឈ្មោះថា «Crouching Tiger Villa» ដែលគ្របដណ្តប់លើផ្ទៃដីជិត ២០០ ហិចតា។

ក្នុងចំណោមអ្នកទាំងបីដែលត្រូវបានចាប់ខ្លួននោះ លោក Ming Guoping ជាកូនប្រុសទីពីររបស់ Ming Xuechang និង មានតួនាទីជាមេដឹកនាំកងជីវពលមូលដ្ឋាន។ Ming Julan និង Ming Zhenzhen គឺជាកូនស្រីច្បង និង ជាចៅស្រីរបស់ Ming Xuechang ដោយអ្នកទាំងពីរ កាន់អត្តសញ្ញាណប័ណ្ណជនជាតិចិន។

សូមបញ្ជាក់ថា អង្គភាពសន្តិសុខសាធារណៈនៅទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី១២ បានប្រកាសផ្តល់រង្វាន់សម្រាប់ការចាប់ខ្លួនមនុស្ស ៤នាក់ខាងលើ ហើយបានចោទប្រកាន់ថា ក្រុមឧក្រិដ្ឋជនដែលដឹកនាំដោយ Ming Xuechang បានរៀបចំ និងបើកកន្លែងឆបោក ដោយបើកចំហ និងមានក្រុមប្រដាប់អាវុធការពារពីក្រោយ ដែលក្រុមឧក្រិដ្ឋជនបានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញលើពលរដ្ឋចិនដែលជាប់សង្ស័យនឹងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជាការឃាតកម្ម ការបង្ករបួសដោយចេតនា និងការឃុំខ្លួនដោយខុសច្បាប់ ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ