សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាព គុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យរាប់ទាំងវិស័យទេសចរណ៍នេះផង កម្ពុជាតែងតែគោរពទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិ ហើយដែលសកម្មភាពទាំងអស់នេះបានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរួមទាំងលើក កម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
សម្ដេចធិបតី បន្ដថា កិច្ចសហប្រតិបត្តិការ CLV-DTA រួមទាំងកិច្ចសហប្រតិបត្តិការនានា រួមមាន ACMECS CLMV CLMTV GMS មេគង្គឡានឆាង មេគង្គជប៉ុន មេគង្គឥណ្ឌាហ្គង់ហ្គា ក្របខ័ណ្ឌអាស៊ាន សហគមន៍អឺរ៉ុប អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងជាមួយអង្គការសហប្រជាជាតិ ពិតជាបានរួមចំណែកក្នុងការធានានិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់ប្រជាជាតិកម្ពុជា អរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបមានការរីកចម្រើនលើគ្រប់វិស័យ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាព គុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ»។
ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ ទេសចរណ៍ និងសន្តិភាព សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ៕EB