បាតុកម្ម ដោយក្រុមយុវជន Gen Z កំពុងផ្ទុះឡើងប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសម៉ារ៉ុក ខណៈការតវ៉ាបានធ្លាក់ចូលទៅក្នុងអំពើហិង្សា
ប្រទេសម៉ារ៉ុក ៖ បាតុករប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសម៉ារ៉ុក បានកើតឡើងអស់រយៈពេលប្រាំយប់ជាប់ៗគ្នា ខណៈការតវ៉ាបានធ្លាក់ចូលទៅក្នុងអំពើហិង្សា និងការបំផ្លិចបំផ្លាញសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥។
ក្នុងបាតុកម្មនេះដែរ មានមនុស្សពីរនាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Lqliaa ប្រទេសម៉ារ៉ុក ខណៈកងកម្លាំងសន្តិសុខបានប្រើប្រាស់អាវុធតទល់នឹងក្រុមបាតុករដែលចង់លួចអាវុធរបស់ពួកគេ ក្នុងអំឡុងពេលប្រឈមមុខគ្នា កាលពីយប់ថ្ងៃទី១តុលាកន្លងទៅ។
ការតវ៉ានេះ លេចឡើងប្រឆាំងនឹងរំហូរនៃការវិនិយោគរាប់ពាន់លាន ឆ្ពោះទៅរកការរៀបចំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ខណៈសាលារៀន មន្ទីរពេទ្យជាច្រើនខ្វះខាតថវិកា។
សូមបញ្ជាក់ថា ក្រុមនេះ បានប្រើប្រាស់វេទិកាដូចជាទិកតុក, អ៊ីស្តាក្រាម និងកម្មវិធី Discord ដើម្បីប្រមូលការគាំទ្រ។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កងកម្លាំងសន្តិសុខត្រូវប្រើអាវុធក្នុងការការពារខ្លួន បន្ទាប់ពីឧស្ម័នបង្ហូរទឹកភ្នែកមិនអាចបញ្ឈប់ក្រុមនេះពីការវាយលុកចូលទៅក្នុងកន្លែងរបស់ខ្លួន។ អាជ្ញាធរមូលដ្ឋានបន្ថែមថា ប្រដាប់ដោយកាំបិត ក្រុមនេះបានដុតបំផ្លាញផ្នែកមួយនៃស្នាក់ការ និងរថយន្តមួយគ្រឿង បង្ខំឱ្យកងកម្លាំងសន្តិសុខ ប្រើប្រាស់អាវុធក្នុងការការពារខ្លួន៕