មនុស្សយ៉ាងហោចណាស់១៤៧នាក់ស្លាប់ ក្នុងហេតុការណ៍ឆេះរថយន្តដឹកសាំងមួយគ្រឿង នៅទីក្រុង Majiya ប្រទេសនីហ្សេរីយ៉ា
នីហ្សេរីយ៉ា៖ មនុស្សយ៉ាងហោចណាស់ ចំនួន១៤៧នាក់ បានស្លាប់ ក្នុងហេតុការណ៍ឆេះរថយន្តដឹកសាំងមួយគ្រឿង នៅទីក្រុង Majiya ប្រទេសនីហ្សេរីយ៉ា។ប៉ូលីសបាននិយាយថា ឡានដឹកប្រេងបានបើកគេចពីរថយន្តផ្សេងទៀត ហើយក៏បានក្រឡាប់នៅទីក្រុង Majiya រដ្ឋJigawa កាលពីល្ងាចថ្ងៃអង្គារ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានចោមរោមមើលរថយន្តដឹកប្រេងដែលក្រឡាប់ ដើម្បីប្រមូលយកប្រេង ដែលលេចធ្លាយ ក៏បណ្តាលឲ្យឆេះស្លាប់មនុស្សច្រើនសន្ធឹកសន្ធាប់ ដ៏រន្ធត់។រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា តួលេខនេះ គិតតែពីសាកសពដែលកប់ក្នុងផ្នូរដ៏ធំមួយប៉ុណ្ណោះ ហើយបានព្រមានថា ចំនួនអ្នកស្លាប់ទំនង ជាកើនឡើងជាងនេះ។ ខ្មោចជនរងគ្រោះរាប់សិបនាក់ ត្រូវបានដុតឆេះ មើលលែងស្គាល់។
សូមបញ្ជាក់ថា ករណីផ្ទុះឡានប្រេង កើតមានញឹកញាប់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិកមួយនេះ ហើយផ្លូវថ្នល់ មិនត្រូវបានថែទាំបានល្អ។ ចាប់តាំងលុបចោលការឧបត្ថម្ភធន កាលពីឆ្នាំមុន តម្លៃប្រេងសាំងបានកើនឡើង ៥ដង ហើយ ជារឿយៗ មានការខ្វះខាត នាំឲ្យមនុស្សចាត់ទុកសាំងសំខាន់ខ្លាំង៕