ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ ប្រកាសរកឃើញករណីជំងឺ mpox ឬអុតស្វា ហើយសង្ស័យអាចជាប្រភេទបំប្លែងថ្មី
ថៃ៖ នៅថ្ងៃពុធនេះ ថៃបានរាយការណ៍ពីការរកឃើញ ករណីជំងឺ mpox ឬអុតស្វា ហើយអាចជាប្រភេទបំប្លែងថ្មី បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសអាសន្នកម្រិតខ្ពស់សាជាថ្មី សម្រាប់ជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNN នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ បានប្រាប់ថា អ្នកជំងឺខាងលើគឺជាជនជាតិអឺរ៉ុបម្នាក់ ដែលបានធ្វើដំណើរមកពី ប្រទេសមួយនៅអាហ្រ្វិក។ រូបគេកំពុងត្រូវបានដាក់ ឱ្យធ្វើចត្តាឡីស័ក នៅឯមន្ទីរពេទ្យ ខណៈអាជ្ញាធរថៃកំពុងរង់ចាំ លទ្ធផលធ្វើតេស្តពីមន្ទីរពិសោធ ដើម្បីកំណត់ប្រភេទមេរោគថា តើវាជា mpox Clade 1 ឬក៏ Clade 1b។
ជំងឺ mpox ប្រភេទបំប្លែងថ្មីគឺ Clade 1b បានជំរុញឱ្យមានការកើនឡើងខ្លាំង នូវការឆ្លងរីករាលដាលនៃជំងឺនេះ នៅទ្វីបអាហ្រ្វិក រួមមានប្រទេសដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្កង់ដា ជាដើម។ បើតាម WHO mpox Clade 1b បង្កការស្លាប់ ក្នុងចំណោមប្រមាណ៣.៦ភាគរយ នៃករណីឆ្លងសរុប៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង