បុណ្យវិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទ ទូទាំងពិភពលោក ក៏ដូចជាកម្ពុជា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកនឹកដល់អភិលក្ខិត សម័យទាំងបី គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខដូចគ្នា។

ទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ។


ឆ្នាំនេះ ពិធី បុណ្យវិសាខបូជា រាជរដ្ឋាភិបាល បានរៀបចំជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ និងថៃ្ងព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២២-២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទព្យ (ឧដុង្គ) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និង ពុទ្ធបរិស័ទយ៉ាងច្រើនអធិកអធម។

បុណ្យវិសាខបូជាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាថ្ងៃបុណ្យជាតិរបស់ប្រទេសកម្ពុជា ។ នៅឆ្នាំ១៩ ៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត២០០ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួលស្គាល់និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ ។

វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣យ៉ាងគឺ កំណត់យកត្រង់ថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ១ និងទ្រង់ចូលកាន់ព្រះនិព្វាន១ ។


អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យកថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។

ដោយឡែក នៅតាមបណ្តាវត្តអារាមទូទាំងប្រទេស បានរៀបចំពិធីបុណ្យនេះ ព្រមៗគ្នាដែរ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសានា ជាសាសនារបស់រដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ