សៀមរាប ៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីស្រាយបំភ្លឺករណីមន្ត្រីប្រើអំពើហិង្សាមកលើកុមារាម្នាក់ ដែលយកអណ្ដើកលក់ នៅកសិន្ធុប្រាសាទអង្គរវត្ត។

អាជ្ញាធរជាតិអប្សរា បានចេញមកបកស្រាយថា ស្ថាប័នខ្លួនមិនគាំទ្រចំពោះករណីប្រើហិង្សា ពេលចុះអនុវត្តការងារដូច្នេះឡើយ និងបានដាក់ពិន័យដល់បុគ្គលិកបង្កហេតុនោះឲ្យចុះកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏ណែនាំឲ្យបុគ្គលិករូបនេះ ទៅសុំទោសឳពុក ម្ដាយ និងកុមាររូបនេះ ដោយផ្ទាល់ផងដែរ។

យោងតាមការប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ៤ ចំណុច ពាក់ព័ន្ធនឹងគណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើ កុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទុអង្គរវត្ត។


យោងតាមអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងគណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើ កុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទុអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ព័ត៌មាន ៤ ចំណុច រួមមាន៖

ទី១៖ អាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំជាបន្ទាន់ ដោយហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឲ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ។ ក្នុងករណីមិនរាងចាល នឹងត្រូវបណ្ដេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏ណែនាំឲ្យបុគ្គលិករូបនេះ ទៅសុំទោសឳពុក ម្ដាយ និងកុមាររូបនេះ ដោយផ្ទាល់ផងដែរ។

ទី២៖ ថ្នាក់ដឹងនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា តែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំ នៃអាជ្ញាធរជាតិអប្សរា ឲ្យប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ និងចៀសវាងឲ្យដាក់ខាត់ នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា។

ទី៣៖ អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនទទួលយកបានជាដាច់ខាន នូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឲ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។

ទី៤៖ ដោយឡែក អាជ្ញាធរជាតិអប្សរា បានអំពាវវនាវសារជាថ្មី ដល់សាធារណៈជនទាំងអស់មិនត្រូវលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទុនានា នៃរមណីយដ្ឋានអង្គរ ដោយគ្មានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ