ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សា នៅរមណីយដ្ឋានអង្គរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣ តុលា បានឲ្យដឹងថា តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាសនៅកម្ពុជា ខណៈកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន បង្កឲ្យមានភ្លៀងធ្លាក់ ជញ្ជ្រំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឲ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន នៃរមណីយដ្ឋានអង្គរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅក្នុងអំឡុង ពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្ដាលឱ្យរងរបួស ឬខូចខាត ទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ