សម្ដេចក្រឡាហោម ស ខេង ៖ ចាប់តាំងពីដំណាក់កាលយុទ្ធនាការ រហូតដល់ថ្ងៃបោះឆ្នោតមានស្ថានភាពល្អប្រសើរ
ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ស្ថានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោតដែលបិទបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយ លោក Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ ចូលជួបសម្ដែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃវិមានសន្តិភាព នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ និងអរគុណចំពោះលោក នាយករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមក្នុងដំណើរមកបំពេញទស្សនកិច្ចដោយឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។
សម្ដេចក្រឡាហោម បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកថា ជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោតនៅកម្ពុជាដែលតែងតែរៀបចំឡើងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេច បន្ត ថាទោះបីជាប្រទេសកម្ពុជា និងប្រទេសគីណេប៊ីសាវមានទំនាក់ទំនងការទូតថ្មីថ្មោងជាមួយគ្នា និងទោះជាមានទីតាំងភូមិសាស្រ្តឆ្ងាយពីគ្នាក្ដី ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះនឹងជំរុញ លើកកម្ពស់ និងពង្រីកនូវទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្ដេចក្រឡាហោម ក៏បានជម្រាបអំពីស្ថានភាពទូទៅនៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដោយមានប្រសាសន៍ថា "ស្ថានភាពជារួមមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោតដែលបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឆ្លងតាមបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ"។
សម្ដេចក្រឡាហោម បានបន្ថែមថា ប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។ សម្ដេចចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះ ថាដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។
ជាការឆ្លើយតប លោក Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានជម្រាបសម្ដេចក្រឡាហោម ថា ចាប់តាំងពីពេលមកដល់កម្ពុជា លោក បានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ លោក ក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព៕EB