ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥ រាជធានី-ខេត្ត កំពុងបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅ នៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៥ វិច្ឆិកា នេះ ថា «នៅថ្ងៃអាទិត្យនេះ គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត កំពុងមានភាពមមាញឹកក្នុងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។ 

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ