ក្រសួងការបរទេសខ្មែរ ៖ អាមេរិក ចេញរបាយការណ៍ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលាតត្រដាងយ៉ាងជាក់ស្តែង ពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន
ភ្នំពេញ៖ លោក អាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានកត់សម្គាល់ជាមួយការខកចិត្ត ចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២” និងថា របាយករណ៍នេះ បានលាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់អាមេរិក ។
តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២២ មីនា អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជា លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេស ពុំបានចេញផ្សាយនូវរបាយការណ៍ ស្តីពីសហរដ្ឋអាមេរិកខ្លួនឯង» ។
លោក បន្តថា អាមេរិក ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ តាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពាន សិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗមានដូចជា ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិរំលូតកូន ជាដើម ។ល។
អ្នកនាំពាក្យ បន្ថែមថា របាយការណ៍ខាងលើគ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ ដែល ផ្អែកលើការបោះពុម្ពផ្សាយពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលទទួលមូលនិធិពីបរទេស។ ការអះអាងថាមាន «ប្រភពអាចទុកចិត្តបាន» ដែលគុណវុឌ្ឍិរបស់ប្រភពទាំងនោះគួរឱ្យសង្ស័យ ពុំធ្វើឱ្យរបាយការណ៍ខាងលើជឿទុកចិត្តបានទេ។
លោកគូសបញ្ជាក់ថា ផ្ទុយទាំងស្រុងទៅវិញ របាយការណ៍ខាងលើ បានបិទភ្នែកធ្វើជាមើលមិនឃើញ នូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិងបង្កាច់បង្ខូចកេរ្ត៍ឈ្មោះដោយគ្មានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សានិងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសលោកខាងលិច។EB