ថៃ៖ គ្រាប់បែក២គ្រាប់បានផ្ទុះនៅកណ្តាលផ្សារក្រុង Pattani ភាគខាងត្បូងប្រទេសថៃ កាលពី រាត្រីថ្ងៃអាទិត្យទី៨ខែមិថុនាឆ្នាំ២០២៥ ប៉ុន្តែមិនបង្កឲ្យមានជនរងគ្រោះនោះទេ។តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៥។

ជនមិនស្គាល់មុខបានយកគ្រាប់បែកមកបង្កៃក្នុងផ្សាររាត្រីនេះ ដោយគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខហាងលក់មាសនិងមួយគ្រាប់ទៀត ផ្ទុះក្នុងធុងសម្រាម ដោយបង្កការខូចខាតដល់ម៉ូតូច្រើនគ្រឿង។

ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មិនមែនជារឿងថ្មីឡើយ ព្រោះថា តំបន់នោះត្រូវរងការវាយប្រហារនិងភាពចលាចលអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។

 

ជាក់ស្តែង កាលពីសប្តាហ៍មុន យោធាថៃម្នាក់ឈ្មោះ Apichart Phaphan ក៏ត្រូវបាត់បង់ជីវិត ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខេត្ត Pattani នេះដែរ។ រូបគេស្លាប់ដោយសារតែផ្ទុះគ្រាប់បែកដែលបង្កៃលើផ្លូវហាយវ៉េលេខ ៤១៥៧ ក្នុងស្រុក Panare ខណៈមានសេចក្តីរាយការណ៍ថា ហេតុការណ៍នេះកើតឡើង ពេលយោធាមួយក្រុម ធ្វើដំណើរមកពីកម្មវិធីមួយ ដែលរៀបចំដោយរដ្ឋបាលស្រុកនេះ។

ក្រៅពីអ្នកស្លាប់ហើយនោះ ក៏មានមន្ត្រីយោធា៤នាក់ផ្សេងទៀតត្រូវរបួសផងដែរ ក្នុងនោះមានម្នាក់របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Panare ភ្លាមៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ