ភ្នំពេញ ៖ ក្រសួអធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៨ មិថុនានេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម  ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង ។ សម្ពាធទាបនេះនឹងវិវត្តខ្លួន ជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ