ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ដរាបណា សម្ដេច នៅមានកម្លាំង និងមានធនធាន សម្ដេច នៅតែបន្ដគាំទ្រដល់វិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍថែមទៀត។
នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្ដេច ទទួលយក និងការពេញចិត្តជាមួយការវាយតម្លៃលើចំណុចទាំងឡាយ ពាក់ព័ន្ធនឹងចរិតលក្ខណៈរបស់ សម្ដេច នោះគឺ សម្ដេច បានក្លាយទៅជាចំណែកមួយ នៃការស្ដារ និងអភិវឌ្ឍប្រទេស ជាពិសេសវិស័យ សាសនា អប់រំ និងការអភិវឌ្ឍនៅមូលដ្ឋាន។
សម្ដេចក្រឡាហោម គូសបញ្ជាក់ថា រយៈពេល ៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម និងឥស្សជនជាន់ខ្ពស់ និងអ្នកពាក់ព័ន្ធ បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាប្រមាណជាង ១ម៉ឺននាក់ ហើយក៏បានក្លាយជាធនធានមនុស្សដ៏សំខាន់ ចូលរួមក្នុងការបម្រើការងារនៅតាមបណ្ដាលស្ថាប័ន្ធរដ្ឋ ឯកជន សង្គមស៊ីវិល និងខ្លះទៀតបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព វិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយស រួមចំណែកដល់ការអភិវឌ្ឍខ្លួនឯង គ្រួសារ សហគម និងសង្គមជាតិ មកទល់បច្ចុប្បន្ន។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង នៅតែជឿជាក់ និងឱ្យតម្លៃ ព្រមទាំងគាំទ្រជានិច្ចនូវការអប់រំគ្រប់គម្រិត ជាពិសេស គម្រិតឧត្តមសិក្សា និងគម្រិតអប់រំបច្ចេកទេសវិជ្ជាជីវៈ ដែលជាស្ពានចម្លងមនុស្សគ្រប់គ្នា ទៅរកមុខជំនាញ វិជ្ជាជីវៈ ប្រចាំជីវិត។ សម្ដេចក្រឡាហោម គូសបញ្ជាក់ទៀតថា «ដរាបណា ខ្ញុំ នៅមានកម្លាំង មានធនធាន ខ្ញុំ នៅតែបន្ដគាំទ្រដល់វិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍថែមទៀត»៕EB