ស្រុកកំពង់ត្របែក ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំប្រាសាទ និងឃុំកន្សោមអក នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង, ឯកឧត្តម ហាស់ សារ៉េត សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ត្របែក, ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក, ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំប្រាសាទ និងឃុំកន្សោមអក, ប្រធាន- អនុប្រធានក្រុមការងារចុះមូលដ្ឋាននៃឃុំទាំងពីរ និងប្រធាន-អនុប្រធានក្រុមការងារ ចុះមូលដ្ឋានភូមិទាំង១៨ នៃឃុំទាំងពីរ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំប្រាសាទ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សស្រុកកំពង់ត្របែក និងសមាជិក-សមាជិកា គណបក្ស នៃឃុំប្រាសាទ និងឃុំកន្សោមអក ដែលបានអញ្ជើញចូលរួមនារសៀលនេះ។

ក្នុងនាម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារគណបក្សស្រុកកំពង់ត្របែក និងសមាជិក-សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស គឺការជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្របែក ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ពោលចាប់ពីឆ្នាំ២០១៨ ដល់ ២០២៣។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានចាប់ផ្ដើមពីថ្ងៃទី១ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើឱ្យសកម្មភាពនៃការឃោនាបោះឆ្នោតនេះ មានភាពសកម្ម និងផុសផុល ប្រកបដោយមនោសញ្ចេតនា និងជំនឿយ៉ាងមុតមាំ មកលើគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់សមាជិក-សមាជិកា និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន រុងរឿង និងស៊ីវិល័យ បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ជំនួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំប្រាសាទ និងឃុំកន្សោមអក នារសៀលថ្ងៃទី១៦ កក្កដា នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅភូមទ័ពសៀម និងភូមិព្រៃខ្មៅ ដោយមានសំឡេងស្រែងពន្លឺឡើយថា «ជយោ! គណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨» ព្រមជាមួយសំឡេងសូមអរគុណសន្តិភាព សូមអរគុណនយោបាយឈ្នះឈ្នះ សូមដឹងគុណស្ថាបនិកសន្តិភាព និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព ឯកភាពពេញលេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ