បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធីបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានទូទៅទាំងជាតិ និងអន្តរជាតិ និងជាមោទនភាពដែលកម្ពុជាមានចំនួនអ្នកចូលរួមបោះឆ្នោតរហូតដល់ទៅ ៨៤.៥៩% ស្ថិតក្នុងចំណោមប្រទេសទាំង២០ ដែលមានចំនួនអ្នកបោះឆ្នោតច្រើនបំផុត ខណៈប្រទេសមហាអំណាចប្រជាធិបតេយ្យមួយចំនួន មានអ្នកទៅ បោះឆ្នោតពី ៥០% ទៅ ៧០% ប៉ុណ្ណោះ។

តាមការស្រាវជ្រាវក្នុងចន្លោះពី ២០ ទៅ ៣០ ឆ្នាំចុងក្រោយនេះ ចំនួនអ្នកចេញទៅបោះឆ្នោតមានការធ្លាក់ចុះ ខណៈប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាទូទៅ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើនបានចេញ សេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។

ជាមួយគ្នានេះ ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ