៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក សម្រេចបានជាង ៦.៦ពាន់លានដុល្លារ ថយចុះ៥.៦%
ភ្នំពេញ ៖ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក សម្រេចបានជាង ៦ ២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦ ៦៤៥លានដុល្លារ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ទៀតថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។
ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅឆ្នាំ២០២២ សម្រេចបានចំនួន ៩ ២៨១លានដុល្លារ កើនឡើង១៨.៦ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ ដែលមានចំនួន ៧ ៨២៦លានដុល្លារ ដោយក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៨ ៩៦៨លានដុល្លារ កើន ១៩.៧% និងនាំចូល មាន៣១២លានដុល្លារ ធ្លាក់ចុះ៧.១%៕EB