៨ខែ ឆ្នាំ២០២៣ កម្ពុជា នាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ
ភ្នំពេញ ៖ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ ចំនួន ១៥,៦៩២ លានដុល្លារ កើនតិចតួចត្រឹមតែ ០.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ ចំនួន ១៥,៦៤១ លានដុល្លារ។ នេះបើទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យដដែលនេះបានបង្ហាញថា កម្ពុជាការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានតម្លៃ ៣១,៩៧២ លានដុល្លារថយចុះ១៤.៥% ខណៈកម្ពុជានាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។
ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិន មានតម្លៃជាង៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង៧៧០លានដុល្លារ ថយចុះ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង៥៦៣លានដុល្លារ ថយចុះ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។
ទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០.៩%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ១ពាន់លានដុល្លារ កើនឡើង៩៨.៥%, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបិរភោគបាន និងឬសនឹងមើមមួយចំនួនមាន ៣៣២លានដុល្លារ កើនឡើង ២២.៣%៕EB