ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៣) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៦ ៨២៤នាក់ នៅរោងចក្រចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ បានឲ្យដឹងថា «បងប្អូនកម្មករនិយោជិត ចំនួន ៦ ៨២៤នាក់ នៃរោងចក្រទាំង២១ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃសេចក្ដីណែនាំ ស្តីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល ជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក»។

ក្រសួង បន្ដថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះ ចំនួន ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ។ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ