ភ្នំពេញ ៖ ក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី វិធានការការពារ ទប់ស្កាត់ និងសង្គ្រោះបន្ទាន់ចំពោះភ្ញៀវទសចរ ដែលមកកម្សាន្តតាមគោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ។

ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវវស្សាមានភ្លៀងធ្លាក់ជា ប្រចាំ ពិសេសនៅតាមតំបន់មាត់សមុទ្រ និងតំបន់ព្រៃភ្នំ ដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានទឹកជំនន់ រហ័សភ្លាមៗ មិនអាចឱ្យដឹងជាមុនបាន។

ក្រសួងបរិស្ថាន សូមធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការដូចខាងក្រោម៖

១-អប់រំ ផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅគោលដៅទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ឱ្យនៅឆ្ងាយពីតំបន់ ទឹកធ្លាក់ ឬផ្លូវទឹក នៅពេលមានភ្លៀងធ្លាក់។

 

២-ត្រូវមានអ្នកប្រចាំការនៅតាមតំបន់នីមួយៗ និងជូនដំណឹងដល់ភ្ញៀវទេសចរអំពីហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ និងការត្រៀមបង្ការនានាដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។

 

៣-ត្រូវដាក់ស្លាកសញ្ញាសម្គាល់ នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងតំបន់ហានិភ័យនានា។

 

៤-ត្រូវត្រៀមសម្ភារៈ និងឧបករណ៍ចាំបាច់ សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុ ណាមួយកើតឡើង។

 

ក្រសួងបរិស្ថាន មានជំនឿ និងទុកចិត្តចំពោះគ្រប់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់អនុវត្ត តាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ