នាយកដ្ឋានព័ត៌មានវិទ្យាបង្ហាញគន្លឹះចំនួន៥ ធ្វើឱ្យម៉ាស៊ីនកុំព្យូទ័រដើរដោយប្រព័ន្ធប្រតិបត្តិការ Windows មានដំណើរការលឿនជាងមុន!
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ជាប្រធាន បានធ្វើការណែនាំ ក៏ដូចជាបង្ហាញនូវវិធីសាស្ត្រ ធ្វើយ៉ាងណា ឱ្យម៉ាស៊ីនកុំព្យូទ័រដើរដោយប្រព័ន្ធប្រតិបត្តិការ Windows ទទួលបានការពេញនិយមប្រើប្រាស់ដោយប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ទោះជាយ៉ាងណាអ្នកប្រើប្រាស់មួយចំនួនកំពុងមានចម្ងល់ទាក់ទងនឹងល្បឿននៃប្រព័ន្ធប្រតិបត្តិការ ដែលដំណើរការហាក់យឺតជាងមុន។
ក្នុងនោះក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា ឱ្យដឹងថាបញ្ហាទាំងនេះអាចបណ្តាលមកពីកត្តាមួយចំនួន ដូចជា ការបើកដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ (Software), បញ្ហាតភ្ជាប់ទៅកាន់បណ្តាញណេតវើក ឬអ៊ីនធឺណិត (Network Connection),សមត្ថភាពនៃអង្គចងចាំ (Memory) ឬ CPU ពុំទាន់ស្របតាមតម្រូវការ,ឧបករណ៍ផ្ទុកទិន្នន័យមានបញ្ហា (Hard Disk), បញ្ហាបង្កដោយឧ បករណ៍ ផ្នែករឹង (Hardware),ម៉ាស៊ីនកុំព្យូទ័រឆ្លងមេរោគ (Malware)។
ហេតុដូច្នេះ នាយកដ្ឋានព័ត៌មានវិទ្យា សូមបង្ហាញនូវគន្លឹះ និងវិធីសាស្ត្រមួយចំនួនដើម្បីសម្រួលប្រព័ន្ធប្រតិបត្តិការ (Windows) ឱ្យមានដំណើរការល្អប្រសើរជាងមុន៖
១- ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធប្រតិបត្តិការ ទៅកាន់កំណែចុងក្រោយ (Application & System Update)
២- ពិនិត្យមើលអង្គចងចាំ (Memory) កំពុងប្រើប្រាស់
(លោកអ្នកមិនគួរបើក ឬប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយនោះទេ ព្រោះការបើក ឬដំណើរការកម្មវិធីច្រើនពេក នឹងធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើរយឺត)
៣- ពិនិត្យមើលឧបករណ៍ផ្ទុកទិន្នន័យ ដោយលុបឯកសារ ឬកម្មវិធី ដែលពុំចាំបាច់ ឬមិនប្រើប្រាស់ (Disk Space & Defragment)
៤- បិទកម្មវិធីដែលដំណើរការដោយស្វ័យប្រវត្តិ (ប្រសិនបើលោកអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលដំណើរការដោយស្វ័យប្រវត្តិ រៀងរាល់ពេលដែលលោកអ្នកប្រើប្រាស់កុំព្យូទ័រ គួរបិទចោលកម្មវិធីនោះចោលជាមុនសិន ឬកំណត់ក្នុង “Startup” ដើម្បីកុំឱ្យកុំព្យូទ័ររបស់អ្នកដើរយឺត)
៥- ដំឡើងកម្មវិធីកម្ចាត់មេរោគ (មេរោគមួយចំនួនបង្កការរំខាន និងធ្វើឱ្យកុំព្យូទ័ររបស់លោកអ្នកដើរយឺត ដូច្នេះលោកអ្នកអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដើម្បីស្កេន និងកម្ចាត់មេរោគនៅលើកុំព្យូទ័រ)៕