កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជា មានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរតាមរយៈការកសាងជាតិមួយឱ្យរឹងមាំ
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី កម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ ។
តាមរយៈសុន្ទរកថាថ្លែងក្នុងឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ សីហានេះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កន្លងមកយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ទុកជា ដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់ លើការស្តារ និងការកសាង ប្រទេស ដែលទើបងើបចេញពីសង្គ្រាម; ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម; ការធ្វើ សមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល; ការអភិវឌ្ឍ និងការរក្សា ស្ថិរភាពសេដ្ឋកិច្ច និង សង្គម; និងការប្រឹងប្រែងលើកកម្ពស់ជីវភាពប្រជាជន។
នាយករដ្ឋមន្ត្រី បញ្ជាក់ថា «សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យ ឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០» ។
លោកកិត្តិទេសាភិបាលបណ្ឌិត លើកឡើងថា ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំ កន្លងមក និង ការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, រាជរដ្ឋាភិបាលដាក់ចេញ "យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព ។
នាយករដ្ឋមន្ត្រី បន្តថា ជារួមយុទ្ធសាស្ត្របញ្ចកោណគឺជា យុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរ ដាក់ចេញ និងអនុវត្ត ៥ ដំណាក់កាល បន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា៕EB