ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងពិភាក្សាអំពីដំណើរការ អនុវត្តទោសក្នុងសហគមន៍ ដើម្បីសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ ដូចជា សាកល្បងអនុវត្តការដោះលែងឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ។

នាឱកាសទទួលជួបលោកស្រី Roueida EI Hage ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នាថ្ងៃទី២៧ កក្កដា សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ដែលកន្លងមកបានជួយគាំទ្រដល់គម្រោងនានាលើការងារពន្ធនាគារ។

សម្ដេច បន្ដថា បន្ទាប់ពីការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន ពន្ធនាគារកម្ពុជា ក៏ជួបប្រទះនូវបញ្ហាប្រឈមដោយសារចំនួនកើនឡើង នៃអ្នកជាប់ឃុំ។

ចំពោះអ្នកពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀននេះ សម្ដេច ស ខេង បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏កំពុងតែខិតខំដោះស្រាយបញ្ហានេះតាមរយៈការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែមនៅតាមបណ្ដារាជធានី ខេត្ត ព្រមទាំងសាងសង់មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងបន្សាបគ្រឿងញៀន។

សម្ដេច បញ្ជាក់ថា «ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ក៏កំពុងពិភាក្សាអំពីដំណើរការ អនុវត្តទោសក្នុងសហគមន៍ ដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ ក៏ដូចជា ការសាកល្បងអនុវត្តការដោះលែងឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ និងដោយផ្អែកលើលក្ខខណ្ឌកំណត់មួយចំនួន ដែលកិច្ចការនេះក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងពិភាក្សាគ្នា ផ្អែកលើមូលដ្ឋាននៃក្រមព្រហ្មទណ្ឌកម្ពុជា»។

នាឱកាសនោះដែរ លោកស្រី Roueida EI Hage បានថ្លែងអំណរគុណចំពោះ សម្តេច ស ខេង បានផ្តល់នូវការគាំទ្រដល់បេសកកម្មការងាររបស់ការិយាល័យ ជាពិសេសគឺការគាំទ្រការចុះធ្វើទស្សនកិច្ចតាមបណ្ដាពន្ធនាគារ ដើម្បីផ្ដល់ការគាំទ្រចាំបាច់នានាដល់ការងារពន្ធនាគារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ