ថៃកំពុងតែពិចារណាសាងសង់ជញ្ជាំងព្រំដែន ជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីកសាយភាយ នៃឧក្រិដ្ឋជនអនឡាញ ដែលមានវត្តមានក្បែរៗព្រំដែន
ថៃ៖ ប្រទេសថៃកំពុងតែសិក្សាគម្រោងនៃការសាងសង់ជញ្ជាំងព្រំដែន ជាមួយប្រទេសកម្ពុជាដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋជនអនឡាញដោយជញ្ជាំងព្រំដែននេះនឹងក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ និងទប់ស្កាត់បណ្តាញមជ្ឈមណ្ឌលបោកប្រាស់អនឡាញដែលមានមូលដ្ឋាននៅក្រៅព្រំដែនរបស់ប្រទេសថៃ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Houngsub បានឱ្យដឹងថា ពេលនេះក្រុមការងារបច្ចេកទេសកំពុងពិចារណា និងសិក្សាបន្ថែមក្នុងការសាងសង់ជញ្ជាំងរបងព្រំដែនជាមួយនឹងប្រទេសកម្ពុជាដើម្បីទប់ស្កាត់ការរីកសាយភាយនៃក្រុមបោកប្រាស់អនឡាញដែលកំពុងតែមានវត្តមានក្បែរៗព្រំដែននៃប្រទេសថៃ ហើយការបង្រ្កាបលើក្រុមឧក្រិដ្ឋជនទាំងនេះពាក់ព័ន្ធនឹងការលាងលុយ ដែលភាគច្រើនដំណើរការដោយក្រុមក្មេងទំនើងចិនដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។
សម្រាប់លោក Jirayu Houngsub ការសាងសង់ជញ្ជាំងដែលអាចកើតមាន គឺជាគំនិតមួយដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។ លោកបន្តថា ក្រសួងការបរទេស និងការពារជាតិត្រូវបានចាត់ឲ្យជួបពិភាក្សាលើបញ្ហានេះជាមួយអាជ្ញាធរកម្ពុជា។រដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើសំណើជញ្ជាំងព្រំដែនថៃនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍នេះ ប៉ូលិសថៃបានទទួលជនជាតិថៃចំនួន ១១៩ នាក់ពីអាជ្ញាធរកម្ពុជា បន្ទាប់ពីការឆ្មក់ចូលក្នុងក្រុងប៉ោយប៉ែតបានទាញមនុស្សជាង ២១៥ នាក់ចេញពីបរិវេណឆបោក។ ដោយឡែក កាលពីខែមករាកន្លងទៅ ជនឆបោក ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលានជនបរទេសជាង ៧,000 នាក់ ដែលភាគច្រើនមកពីប្រទេសចិន កំពុងរង់ចាំឆ្លងពីប្រទេសថៃ ដើម្បីព្យាយាមសម្រួលការធ្វើមាតុភូមិនិវត្តន៍ផងដែរ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង