ឯកអគ្គរដ្ឋទូតចិន ៖ អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក បញ្ជាក់កាន់តែច្បាស់អំពីគុណភាព នៃអង្ករក្រអូបរបស់កម្ពុជា
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក (World Best Rice) បានបញ្ជាក់កាន់តែច្បាស់ជាថ្មីម្ដងទៀត អំពីគុណភាព នៃអង្ករក្រអូបរបស់កម្ពុជា។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា « អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក(World Best Rice)ជាលើកទីប្រាំមួយនៅក្នុង កម្មវិធី សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៤ ដែលជាការបញ្ជាក់កាន់តែច្បាស់ជាថ្មីម្ដងទៀតអំពីគុណភាព នៃអង្ករក្រអូបកម្ពុជា។ សូមចូលរួមអបអរសាទរ»។
សូមរំលឹកថា អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក៕EB