ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០២៣ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ តទៅ។


យោងតាមសេចក្ដីជូនដំណឹងស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារចុះកាលពីថ្ងៃទី ៣០ ឧសភា បានឲ្យដឹងថា ចំពោះយានយន្តថ្មី ត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។


ដោយឡែកចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ(កាត) ត្រូវបានអនុញ្ញាតឲ្យម្ចាស់យានយន្ត បង់ពន្ធនេះ ដោយពុំតម្រូវឲ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់នូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា ប័ណ្ណសម្គាល់ យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឲ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់ អគ្គនាយកដ្ឋានពន្ធដារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ