ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៧គម្រោង អាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះរួមមាន៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង៕EB