អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ក្រុមប្រឆាំងជ្រុលនិយម អួតថា ខ្លួនប្រជាធិបតេយ្យ បែរជាប្រើប្រាស់មធ្យោបាយមិនប្រជាធិបតេយ្យ ដើម្បីដណ្ដើមអំណាច
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយម អួតថា ខ្លួនប្រជាធិបតេយ្យ ប៉ុន្តែបែរជាមិនទទួលស្គាល់ប្រព័ន្ធបោះឆ្នោត ដោយព្យាយាមប្រើប្រាស់មធ្យោបាយមិនប្រជាធិបតេយ្យ ដើម្បីដណ្ដើមអំណាចទៅវិញ។
ក្នុងវេទិការព័ត៌មាន លើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានបង្ហាញការសោកស្ដាយ ចំពោះក្រុមប្រឆាំងជ្រុលនិយម បានប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិខ្លួនឯង។
បន្ថែមពីនេះ លោក ក៏បានបង្ហាញពីភាពរឹងមាំរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដែលឈរធានាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី ការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោកថា បើមិនមានរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនទេនោះ កម្ពុជា នឹងធ្លាក់ចូលក្នុងប្រវត្តិសាស្រ្តចាស់ តាមរយៈនយោបាយផ្ដួលរំលំដោយប្រើកម្លាំងក្រៅប្រព័ន្ធការបោះឆ្នោត។
អ្នកនាំពាក្យ បានគូសបញ្ជាក់ថា «គេអួតគេ ថា អ្នកប្រជាធិបតេយ្យ ប៉ុន្តែមិនទទួលស្គាល់ប្រព័ន្ធបោះឆ្នោត បែរទៅជា ព្យាយាមប្រើប្រាស់មធ្យោបាយមិនប្រជាធិបតេយ្យ យកមកដណ្ដើមអំណាចទៅវិញ»។
អ្នកនាំពាក្យ បន្ថែមថា ក្រុមប្រឆាំងជ្រុលនិយម បានរៀបចំកន្លងមក គឺផ្ទុយពីរាជរដ្ឋាភិបាលទាំងស្រុង ខណៈរដ្ឋាភិបាលកម្ពុជា ព្យាយាមអង្គុយសិក្សាស្រាវជ្រាវដើម្បីរៀបចំជាយុទ្ធសាស្រ្ត តាំងពីយុទ្ធសាស្រ្តត្រីកោណ ចតុកោណ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រហូតទៅដល់ដំណាក់កាលតទៅមុខទៀតដល់ឆ្នាំ២០៥០ សុទ្ធតែកើតចេញពីការគិតគូរ គូសវាសពិចារណា ដើម្បីបម្រើផលប្រយោជន៍ជាតិ៕