(ថៃ)៖ តុលាការនៅប្រទេសថៃ បានសម្រេចផ្តន្ទាទោសលើបុរសម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ដោយសារតែការប្រមាថព្រះមហាក្សត្រថៃ តាមរយៈការបង្ហោះសារលើប្រព័ន្ធអ៊ីនធើណែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

បុរសខាងលើដែលមានឈ្មោះ មង្គល ទីរ៉ាកុត អាយុ២៩ឆ្នាំ ដែលមានមុខរបរជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញ ត្រូវបានតុលាការនៅទីក្រុងឆៀងរ៉ាយ ភាគខាងជើងប្រទេសថៃ រកឃើញថាពិតជាមានទោស ក្នុងបទល្មើសប្រមាថព្រះមហាក្សត្រ ចំនួន២ករណីដាច់ដោយឡែកពីគ្នា។


បើតាមមេធាវីរបស់លោកផ្ទាល់ តាមពិតទៅពីដំបូងឡើយ លោក មង្គល គឺត្រូវជាប់ពន្ធនាគារសរុបរហូតដល់៤២ឆ្នាំ ប៉ុន្តែតុលាការបានសម្រេចបន្ថយរយៈពេលមកត្រឹម២៨ឆ្នាំវិញ ក្រោយការផ្តល់សក្ខីកម្មរបស់លោក។ មេធាវីដដែលបានបន្ថែមថា លោក មង្គល គ្រោងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ខណៈតុលាការបានអនុញ្ញាតឱ្យរូបលោក អាចនៅក្រៅឃុំជាបណ្តោះអាសន្ន ជាមួយថវិកាតម្កល់ ៣០០,០០០បាត ឬស្មើនឹងជិត១០,០០០ដុល្លារ។

ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ គឺមានលក្ខណៈតឹងរ៉ឹងខ្លាំងជាទីបំផុត ដោយបទល្មើសនីមួយៗអាចប្រឈមការជាប់ពន្ធនាគារជាអតិបរមារហូតដល់១៥ឆ្នាំ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ តុលាការថៃបានផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងរយៈពេលជាកំណត់ត្រាមួយគឺ៤៣ឆ្នាំ ទៅលើស្រ្តីម្នាក់ ដោយសារតែការប្រមាថព្រះមហាក្សត្រ ខណៈពីដំបូងស្រ្តីម្នាក់នោះ បានប្រឈមនឹងការជាប់រហូតដល់៨៧ឆ្នាំ ហើយបច្ចុប្បន្នកំពុងបន្តស្ថិតក្នុងពន្ធនាគារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ