ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអភិវឌ្ឍន៍កោះរ៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) និងផ្តល់ការទទួលស្គាល់លើផែនការមេ សម្រាប់សាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់៤C លើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ និងអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ព្រមទាំងមានការចូលរួមពីប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ។

លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិទី៤ ដែលបានធ្វើការវិនិយោគដោយវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមរំលឹកថា យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិកោះរ៉ុង (លំដាប់ ៤C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ