កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២៤ ជាមួយនឹងទុនវិនិយោគជាង ៨ពាន់លានដុល្លារ
ភ្នំពេញ ៖ ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២៤ ដោយគិតចាប់តាំងពីឆ្នាំ ២០០៦ ដល់ដំណាច់ឆមាសទី១ ឆ្នាំ ២០២៣ ជាមួយនឹងទុនវិនិយោគជាង៨ ពាន់លានដុល្លារ។ សកម្មភាពចម្បងនៃតំបន់សេដ្ឋកិច្ច ផ្តោតលើផលិតកម្ម នៃវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ វិស័យគ្រឿងបង្គុំរថយន្ត គ្រឿងអេឡិចត្រូនិក រោងចក្រផលិតសម្បកកង់ ឧស្សាហកម្មដំឡើងរថយន្ត និងកង់។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង ២៤ គឺមានរោងចក្រ/ក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះរហូតដល់ ៦៥៥ គម្រោង ដែលស្មើទុនវិនិយោគប្រមាណ ៨,១ ពាន់លានដុល្លារ។ ការនាំចេញចាប់ពីឆ្នាំ ២០១១ រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ មានប្រមាណ ២៥,៧ ពាន់លានដុល្លារ និងបង្កើតការងារបាន ១៧៤ ពាន់កន្លែង។
លោក ជា វុទ្ធី អគ្គលេខាធិការ CDC បានលើកឡើងក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះថា ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាផ្ដួចផ្ដើមឱ្យមានការតាក់តែងបទប្បញ្ញត្តិ និងច្បាប់ តាំងពីឆ្នាំ ២០០៥ មកគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៤។
លោក អគ្គលេខាធិការ បន្តថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើពិពិធកម្មប្រភពទុនវិនិយោគពីប្រទេសនានា។ វិស័យផលិតកម្មសំលៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ មានប្រមាណជាង ៩០ ភាគរយដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស៕EB