កម្ពុជា ជួយហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន នៅប៉ូឡូញ
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានលើកឡើងថា ថ្នាក់ដឹកនាំ និងក្រុមគ្រូបច្ចេកទេសរបស់អង្គភាពស៉ីម៉ាក់ ទើបបញ្ចប់ការបំពេញបេសកកម្ម ផ្តល់ការហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីរបស់ជប៉ុន ជូនដល់មន្ត្រីជំនាញសកម្មភាពមីននៃអង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន ដោយជោគជ័យ និងបានវិលត្រឡប់មកមាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាពផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ កក្កដា លោក ហេង រតនា បានគូសបញ្ជាក់ថា «កំលាំងជំនាញអង្គភាពស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែនមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន (SESU) កាលពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺននេះ បានដំណើរដោយជោគជ័យនិងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព»។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន ចូលរួមវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ លើកទី១ គឺវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដែលមានរយៈពេល១សប្តាហ៍ផងដែរ ដែលធ្វើនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣៕EB