ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ។

ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តសាកល្បង ការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ(Online) លើវិស័យចំនួន៤ គឺវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។

ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ(Online) បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតែអាច អញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យ ស្នើសុំសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ(Online) សូមចូលទៅកាន់គេហទំព័រ http://online.owso.gov.kh/ ដើម្បីបង្កើតគណនី សម្រាប់ស្នើសុំសេវារដ្ឋបាល ទាំង៤វិស័យខាងលើ ដោយភ្ជាប់ឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ