ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បច្ចុប្បន្ន ក្រសួងសាធារណការ បាននឹងកំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំពិនិត្យក្នុងការបិទការនាំចូលរថយន្តមួយទឹក ដោយកំណត់អាយុកាល។

លោក ស៊ុន ចាន់ថុល លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅសាខាសំរោងអណ្តែត នាថ្ងៃទី ២១ មេសា ២០២៣។


លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «បច្ចុប្បន្ន ក្រសួងសាធារណការ បាននឹងកំពុងពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំពិនិត្យមើលថាតើ ឡានមួយទឹកអាយុប៉ុន្មាន ឬ ចាស់ជាង យើងមិនអនុញ្ញាតឱ្យនាំចូលទេ។ ឥឡូវកំពុងពិភាក្សាគ្នា ថាតើ ១០ឆ្នាំ ឬ ១៥ឆ្នាំ ឬ ៧ឆ្នាំ ដែលត្រូវហាមឃាត់មិនឱ្យនាំចូល» ។

លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនី ហើយមានតម្លៃថោកជាងឡានមួយទឹកទៀតផង។


សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឯកភាពឱ្យសិក្សា កំណត់ឆ្នាំរថយន្ដមួយទឹក ដែលនាំចូលប្រទេសកម្ពុជា ដើម្បីកាត់បន្ថយនាំចូលរថយន្តជជុះ ដែលមានហានិភ័យនានា។

សម្ដេច ស ខេង ឯកភាពឱ្យសិក្សាបែបនេះ ក្រោយលោក ស៊ុន ចាន់ថុល បានលើកឡើងជាយោបល់ជូន សម្ដេច ថា បច្ចុប្បន្ន កម្ពុជាមានរថយន្តផលិតក្រោម ១០ឆ្នាំមុន កំពុងប្រើប្រាស់ប្រមាណ ៥០ភាគរយ ហើយការកំណត់ឆ្នាំផលិត រថយន្តនាំចូលកម្ពុជានេះ គឺដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់បរិស្ថាន ខណៈកម្ពុជា ក៏មិនអាចបណ្ដោយខ្លួនឱ្យក្លាយជា ទីផ្សារនាំចូលរថយន្តជជុះផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ