ភ្នំពេញ  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសឧបត្ថម្ភថវិកា  ២ម៉ឺនដុល្លារ  ដល់ប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាក្រោយដណ្ដេីមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី១៤ កក្កដា សម្ដេចក្រឡាហោម ស ខេងបានផ្ញេីសារអបអរសាទរ ផ្ញើជូនប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េ តង់កម្ពុជា ដែលចូលរួមព្រឹត្តិការណ៍កីឡាពិភពលោកនៅសហរដ្ឋអាមេរិក (World Games ឆ្នាំ២០២២)។ 

សម្ដេចក្រឡាហោម  បានបញ្ជាក់ថា  "ក្នុងនាមប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយជនរួមជាតិទាំងអស់ ចំពោះកីឡាការនីកម្ពុជា ដែលដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក"។ សម្ដេចក្រឡាហោម  បានបន្ថែមថា  លទ្ធផលគួរជាទីមោទនភាពសម្រាប់ជាតិ និងមាតុភូមិរបស់កម្អុជា នាពេលនេះរួមមាន ការដណ្តើមបានមេដាយមាស ដោយវីរកីឡាការនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយយកពិន្ទុ និងការឈ្នះមេដាយមាសលើវិញ្ញាសារ ២នាក់ទល់២នាក់ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា។ 

សម្ដេចក្រឡាហោម  បានបន្ដថា  ជ័យជម្នះនេះ គឺជាការបន្តបើកទំព័រកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា ឬសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក ដែលមាន ១១០ប្រទេស ចូលរួមប្រកួតប្រជែង ដែលមានអត្តពលិកប្រមាណ ៣ ៦០០នាក់។ 

សម្ដេចក្រឡាហោម  បានបញ្ជាក់បន្ថែមថា  "ដើម្បីអបអរសាទរ និងរួមចំណែកលើកទឹកចិត្តកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសូមជូនថវិកាចំនួន ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាមរិក) តាមរយៈប្រធានប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដើម្បីចាត់ចែងប្រគល់ជូនបងប្អូន"។ 

លេីសពីនេះ  សម្ដេចក្រឡាហោម  ស  ខេង  ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី រួមទាំងប្រតិភូ និងសូមជូនពរប្រតិភូ និងក្រុមកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ សូមធ្វើដំណើរមកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ