សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ដើម្បីបន្ដថែរក្សាការពារសុខសន្ដិភាព
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររបបរាជានិយម និងបន្តសម្រេចវឌ្ឍនភាពថ្មីៗបន្ថែមទៀត។
នាឱកាសអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង និងទូទាំងប្រទេស បាននិងកំពុងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទយ៉ាងអធិកអធមក្រៃលែង។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណជូនជនរួមជាតិគ្រប់រូបដែលបើទោះបីជាមាននិន្នការនយោបាយផ្សេងៗគ្នា មានតួនាទី ព្រមទាំងភារកិច្ចផ្សេងៗគ្នាក៏ដោយ ប៉ុន្តែមានគោលជំហរដូចគ្នា គឺចូលរួមរក្សាការពារសុខសន្តិភាព និងជំរុញការអភិវឌ្ឍជាតិគ្រប់វិស័យ ពិសេសក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានចូលរួម និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងស៊ីវិល័យ ធ្វើឱ្យយុទ្ធនាការឃោសនាប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងប្រកបដោយបរិយាកាសប្រជាធិបតេយ្យ។
សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា «សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និយាយរួមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររបបរាជានិយម និងបន្តសម្រេចវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន»៕EB