សម្តេចក្រឡាហោម ស ខេង បញ្ជាក់ជាថ្មីថា មន្ត្រីនគរបាលជាតិ ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាល ដើម្បីរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ
កំពង់ស្ពឺ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិ ជាការងារចាំបាច់ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារស្នាក់នៅ របស់សិស្សនគរបាលកម្ពស់ ២ជាន់ និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។
សម្ដេចក្រឡាហោម បានលើកឡើងថា «ក្រោមការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា លើក្របខណ្ឌមន្ត្រីនគរបាលជាតិរាល់មន្ត្រី ដែលចូលបម្រើការងារជានគរបាលជាតិត្រូវតែឆ្លងវគ្គបណ្តុះបណ្តាលដាច់ខាត ហើយមួយវិញទៀតក៏ត្រូវឆ្លងកាត់ការប្រលងឬធ្វើតេស្តដើម្បីបានជាប់ចូលជាមន្ត្រីក្របខណ្ឌនគរបាលជាតិផងដែរ។ ជាមួយនឹងការប្រលងនេះដែរ រាល់បេក្ខភាពទាំងអស់ត្រូវតែមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ទើបអាចជាប់ក្នុងការប្រលងនេះបាន»។
សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា គ្មាននរណាម្នាក់ដែលអាចអន្តរាគមន៍ ឬសម្រេចឱ្យបេក្ខជនត្រូវតែជាប់ដោយមិនប្រលងនោះឡើយរួមទាំងសម្តេចផ្ទាល់ផងដែរ។ សម្រាប់ សម្តេច ផ្ទាល់គ្មានសិទ្ធិលូកលាន់លើការងារជ្រើសរើសមន្ត្រីក្របខណ្ឌនគរបាលជាតិនោះទេ តែ សម្តេច អាចត្រឹមមានសិទ្ធិអនុញ្ញាតឱ្យបេក្ខជនចូលប្រលង ហើយចំពោះការជាប់ធ្លាក់គឺ ពឹងលើសមត្ថភាពខ្លួនឯងហើយ។
ពាក់ព័ន្ធលើការងារប្រលងចូលក្របខណ្ឌនគរបាលជាតិនេះដែរ សម្ដេចក្រឡាហោម បានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលផងដែរ៕EB