ភ្នំពេញ ៖ ក្នុងបរិបទពិភពលោកមួយមានការវិវឌ្ឍយ៉ាងលឿន និងពិបាកប៉ាន់ស្មាននេះ សម្រាប់កម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធបន្តកសាងភាពធន់សង្គម ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិនានា ដែលអាចកើតមានឡើងយថាហេតុនាពេលអនាគត។

ក្នុងទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣ ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន ៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជាជម្រើសសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី១១ កក្កដា សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បច្ចុប្បន្នពិភពលោកទាំងមូលមិនត្រឹមតែមិនទាន់ស្រាកស្រាន្តពីជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលរងនូវផលប៉ះពាល់បន្ថែមទៀតដោយថា សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងតែបន្តនៅឡើយ និងបាននាំឲ្យមានកំណើនតម្លៃប្រេងឥន្ធនៈ ការខ្វះខាតស្បៀងអាហារ ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាសកលក៏ដូចជាភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ   សេដ្ឋកិច្ច និងបរិស្ថាន ដែលកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនលើពិភពលោកទាំងមូលជាពិសេសជីវភាពរស់នៅរបស់ក្រុមជនងាយរងគ្រោះ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីបារម្ភថាបញ្ហាទាំងនោះ នឹងធ្វើឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលជាពិសេសការមិនទុកឲ្យនរណាម្នាក់នៅឯការប្រហែលជានឹងមិនអាចសម្រេចបានឡើយរហូតដល់ឆ្នាំ២០៣០ ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្តអូសបន្លាយ ខណៈកម្ពុជាជាប្រទេសហត្ថលេខីមួយដែលបានចុះលេខាទទួលយកកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍មកអនុវត្ត ដោយបានដាក់បញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់សំខាន់។ 

សម្ដេចក្រឡាហោម បានអះអាងជាថ្មីម្តងទៀតថារាជរដ្ឋាភិបាលកម្ពុជាសូមប្ដេជ្ញាចិត្តបន្តគាំទ្រ កម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍសំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពសកលឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជាដែលមិនទុកចោលនរណាម្នាក់ដើម្បី សុខុមាលភាពរបស់កូនចៅជំនាន់ក្រោយរបស់យើងឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ដើម្បីចាប់យកឱកាសនិងធានាសិទ្ធិនិងជម្រើសសម្រាប់ទាំងអស់គ្នា។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «សូមណែនាំឱ្យបន្តកសាងភាពធន់សង្គម បន្តពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិនានាដែលកើតមានដល់យថាហេតុនាពេលអនាគត និងគិតគូទៅលើការចំណាយសាធារណៈដោយផ្ដោតទៅលើវិស័យដែលមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ជាពិសេសអប់រំសុខាភិបាល សង្គមកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ»។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយនឹងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធផ្សេងៗទៀតក្នុងការជំរុញការអនុវត្តកម្មវិធីសុខភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍសំដៅសម្រេចបានជោគជ័យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយក្រសួងផែនការត្រូវបន្តរៀបចំ ទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រជាជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ