មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើដៃគូពាក់ព័ន្ធរៀបចំយុទ្ធសាស្រ្តបង្ការការធ្វើអត្តឃាត នៅកម្ពុជា
ភ្នំពេញ ៖ ការធ្វើអត្តឃាត គឺជាការបញ្ចប់ជីវិតខ្លួនឯង ដែលជាការឆ្លើយតបទៅនឹងជីវិតដែលមានទុក្ខសោក តែទោះយ៉ាងណាក៏ដោយការធ្វើអត្តឃាតក៏មិនមែនជាជម្រើសក្នុងការដោះស្រាយបញ្ហានោះដែរ។ ការធ្វើអត្តឃាតអាចកើតឡើងនៅក្នុងទម្រង់ផ្សេងៗគ្នា ដោយអ្នកខ្លះចងក លោតទឹក និងលេបថ្នាំ ដើម្បីសម្លាប់ខ្លួនឯង។
បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា មានមនុស្សប្រមាណ៨០០,០០០នាក់ នៅលើពិភពលោក បានបាត់បង់ជីវិតដោយសារតែការធ្វអត្តឃាតជារៀងរាល់ឆ្នាំ។ ដោយសារសង្កេតឃើញពីបញ្ហានេះហើយ ទើបក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការ USAID បានរៀបចំសិក្ខាសាលាមួយស្តីពី«ការផ្តួចផ្តើមការបង្ការការធ្វើអត្តឃាតនៅកម្ពុជា» ស្របពេលដែលទិវាពិភពលោកបង្ការការធ្វើអត្តឃាត របស់អង្គការសុខភាពពិភពលោក តែងតែប្រារព្ធឡើងនៅរៀងរាល់ថ្ងៃទី១០ ខែកញ្ញា។
នៅក្នុងសិក្ខាសាលាខាងលើនេះ លោកឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការបង្ការការធ្វើអត្តឃាតមិនមែនជាការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ឬអង្គការ ណាមួយដាច់ដោយឡែកឡើយ។ លោកបន្ថែមថា វិធីសាស្រ្តបង្ការការធ្វើអត្តឃាតទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា និងធ្វើការជាមួយគ្នាជាប្រព័ន្ធ ដើម្បីអាចបង្កើតជាសំណាញ់សុវត្ថិភាពដែលមានប្រសិទ្ធភាព។
រដ្ឋលេខាធិការក្រសួងសុខាភិបាលខាងលើបានគូសបញ្ជាក់បន្ថែមថា កិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា គឺជាគន្លឹះក្នុងការកសាងវិធីសាស្រ្តដ៏ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងការបង្ការការធ្វើអត្តឃាត ហើយលោកបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ សូមជួយគាំទ្រធនធានបន្ថែមទៀត ដើម្បីរៀបចំឱ្យមានគម្រោងការងារជាយុទ្ធសាស្រ្ត មួយសម្រាប់ការបង្ការការធ្វើអត្តឃាតនៅកម្ពុជា។
ទន្ទឹមនឹងការលើកឡើងរបស់លោកឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាក៏បានបញ្ជាក់ដែរថា «បញ្ហានៃការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈមួយថ្មីទៀត ដែលត្រូវតែរួមគ្នាដោះស្រាយ ព្រោះអត្រានៃការធ្វើអត្តឃាត មានកម្រិតមួយ គួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវខិតខំផ្តួចផ្តើមរិះរកវិធីសាស្ត្រ ដើម្បីបង្ការសោកនាដកម្មមួយនេះ»។
សូមជម្រាបថា ទិវាពិភពលោកបង្ការការធ្វើអត្តឃាត របស់អង្គការសុខភាពពិភពលោក ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១០ ខែកញ្ញា ហើយនៅក្នុងឆ្នាំ២០២៤នេះ នឹងរៀបចំធ្វើឡើង ក្រោមប្រធានបទ «ការផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើអត្តឃាត »៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ