ភ្នំពេញ៖ ប្រាសាទព្រះវិហារ ត្រូវបានអង្គការវប្បធម៌ពិភពលោក យូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

ខាងក្រោមនេះជាដំណើរដើមទងត្រួសៗ នៃការដាក់ប្រាសាទព្រះវិហារចូលក្នុងសម្បត្តិបេតិ​កភណ្ឌពិ​ភ​ពលោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជា បានបញ្ជូនឯកសារសម្រេចទៅមជ្ឈមណ្ឌ​ល​បេតិកភណ្ឌ​ពិភពលោក យូណេស្កូ នៅទីក្រុងប៉ារីស។

 

នៅថ្ងៃទី២៣ ដល់ ២៩ ខែតុលា ឆ្នាំ២០០៦ ក្រុមបេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សា​អន្ត​រជាតិវាយត​ម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានមកធ្វើទស្សនកិច្ចសិក្សា និង​វា​យ​តម្លៃនៅប្រាសាទព្រះវិហារ។បន្ទាប់មក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧ ក្រុមប្រឹក្សាអន្តរជា​តិស្ដីពី​ប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានអនុម័តសំណើចុះបញ្ជីប្រាសាទព្រះវិហារ។

 

នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧ សម័យប្រជុំលើកទី៣១ គណៈកម្មាធិការបេតិ​កភណ្ឌ​ពិភពលោក នៅទីក្រុងក្រៃឆឺច ប្រទេសណូវែលហ្សឺឡង់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិ​និត្យសំណុំឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណើនេះ។ គ្រានោះ គណៈកម្មាធិការបា​នទ​ទួលស្គា​ល់ថា ប្រាសាទព្រះវិហារមានសារសំខាន់ជាអន្តរជាតិ ហើយយល់ព្រមជាគោលការណ៍ ចំពោះការប្រ​កាស​ដែលត្រូវតែដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ទីបំផុតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំ លើកទី៣២។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សរ៍ទី១១ ដល់ ១២។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះ​វិហារ នៅលើខ្នងភ្នំដងរែក មានចម្ងាយ ៤០៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ