សម្តេចក្រឡាហោម ស ខេង ស្នើគណបក្សនយោបាយ លុបបំបាត់វប្បធម៌ចោទស្មានៗ ពាក់ព័ន្ធនឹងការចោទថា លួចសន្លឹកឆ្នោត ឬបោះឆ្នោតមិនត្រឹមត្រូវ
បាត់ដំបង ៖ ពាក់ព័ន្ធនឹងការចោទថា លួចសន្លឹកឆ្នោត ឬបោះឆ្នោតមិនត្រឹមត្រូវ នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការនិយាយ និងទង្វើនោះថា រឿងមិនត្រឹមត្រូវ។
សម្តេច បន្តថា វប្បធម៌ហ្នឹងមួយ ដែលសម្តេច ស្នើគណបក្សនយោបាយត្រូវទទួលស្គាល់ការពិត បើគ្រាន់តែចោទស្មានៗ លុបបំបាត់ទៅ អាវប្បធម៌ហ្នឹង។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធនៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម បានចាត់ទុកការនិយាយ និងទង្វើនោះថារឿងមិនត្រឹមត្រូវ និងជាវប្បធម៌នយោបាយមួយគួរបញ្ឈប់ ដោយបន្ថែមថា «នេះជាបន្ទាត់នយោបាយរបស់គាត់ ឱ្យតែចាញ់គាត់ថាអ៊ីចឹង តាមមើលអ៊ីចឹង! លេងអាចក្បួនហ្នឹងអត់បានទេវប្បធម៌ហ្នឹងមួយដែលខ្ញុំស្នើគណបក្សនយោបាយត្រូវទទួលស្គាល់ការពិត ចង់និយាយថាបើគ្រាន់តែចោទស្មានៗអ៊ីចឹង លុបបំបាត់ទៅអាវប្បធម៌ហ្នឹង»។
ភ្ជាប់នឹងសំណើរឱ្យលុបបំបាត់វប្បធម៌ចោទស្មានៗនោះដែរ សម្ដេច ក៏បានស្នើឱ្យអ្នកចាញ់ឆ្នោតបង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ ដោយសម្ដេចបានពន្យល់ថា«ពីមុនយើងធ្វើសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នុងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ឋ មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញមានអញអត់ឯង។ តែយើងមិនមែនគូបក្ខដិបក្ខទេ យើងជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ ធ្វើការជាមួយគ្នា»។
សម្ដេចក្រឡាហោមក៏បានស្នើប្រជាពលរដ្ឋនៅមូលដ្ឋានដែលមាននិន្នាការគាំទ្រគណបក្សផ្សេងៗគ្នានាអំឡុងពេលបោះឆ្នោតកន្លងទៅនោះ សូមបង្កើនការផ្សះផ្សាររាប់អានគ្នា មានសាមគ្គីភាពជាមួយគ្នា និងគោរពការដឹកនាំ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតដាច់ ឬមានសំឡេងភាគច្រើន។ សម្ដេចក៏ស្នើក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោតខិតខំរួមគ្នាបំពេញភារកិច្ចបំរើប្រជាពលរដ្ឋដោយគ្មានការរើសអើង មិនត្រូវផ្លែផ្កាឱ្យអ្នកចាញ់ ឬក្រុមសំឡេងភាគតិច ប៉ុន្តែរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរដូចគ្នា៕