យ៉ាងហោចណាស់មនុស្ស៥នាក់ស្លាប់ និងជាង១០នាក់រងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែក៣ទីតាំងខុសគ្នា ក្នុងខេត្តណារ៉ាធីវ៉ាត់ ប្រទេសថៃ
ប្រទេសថៃ៖ មនុស្ស ៥នាក់ស្លាប់ និង១០នាក់រងរបួសក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួន ៣ទីតាំងនៅខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងរបស់ប្រទេសថៃ។ ការវាយប្រហារកើតឡើងនៅក្រោយម៉ោង ៧ ល្ងាចនេះ ដោយទីតាំងទីមួយ ក្រុមបះបោរប្រដាប់អាវុធជាង ១០នាក់បានជិះឡានធំនិងឡានតូច ចូលទៅការិយាល័យស្រុក Sungai Kolok ហើយបានបាញ់ប្រហារទៅលើអ្នកយាម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាននៅThe Nation នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។
ក្រុមបះបោរបានចតឡាននៅក្បែរអាគារសម្រាប់ធ្វើសន្និសីទ រួចបានបាញ់ប្រហារ និង គប់គ្រាប់បែកច្នៃចំនួន ៣គ្រាប់ ទៅក្នុងការិយាល័យស្រុក សម្លាប់មនុស្ស ៥នាក់ និងរបួស ជាង១០នាក់។ ក្រោយគ្រាប់បែកផ្ទុះ ក្រុមឧទ្ទាមបានគេចខ្លួនតាមឡានមួយគ្រឿង។
ការវាយប្រហារមួយកន្លែងទៀតកើតឡើងនៅហាងជួសជុលមួយកន្លែងក្បែរការិយាល័យស្រុកដដែល ដោយក្រុមជនល្មើសបានបំផ្ទុះធុងហ្គាស៍ បណ្ដាលឲ្យមនុស្សម្នាក់របួសស្រាល។
ការវាយប្រហារទី៣ កើតឡើងនៅលើបង្គោលភ្លើងក្នុងស្រុក Sungai Padi បណ្ដាលឲ្យបង្គោលភ្លើងពីរដើមរលំ ប៉ុន្តែ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង