ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវបន្តខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ ក្នុងកិច្ចប្រតិបត្តិការ។

ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយនៃការជួយគាំទ្របន្ថែមទៀតដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ។ សម្ដេច ក៏បានរម្លឹកជាថ្មីទៀតអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្ដេចក្រឡាហោម បានបន្តថា កាលពីពេលថ្មីៗនេះ ក្រសួងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការកិច្ចប្រតិបត្តិការលើការងារនេះ ហើយក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូរមនុស្ស សម្ដេចក៏បានអំពាវនាវឱ្យមានការគាំទ្រនិងចូលរួមក្នុងការងារនេះ ដោយបានផ្ដល់បណ្ដាញនិងលេខទូរសព្ទទំនាក់ទំនងរាយការណ៍អំពីករណីនេះ។

ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ជំរុញរដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស បណ្ដាញ និងមេក្លោងពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ»។

សូមរំលឹកថា ចាប់ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី១០ កញ្ញា ហ្វេសប៊ុក សម្ដេច ស ខេង បានទទួលពាក្យបណ្ដឹង ចំនួន ១៨៦បណ្តឹង ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថា បង្ខាំង និងជួញដូរកម្លាំងពលកម្ម ៣៧៥នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ