ក្រុមហ៊ុនអាការចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ នឹងបើកប្រតិបត្តិការ ហោះហើរឡើងវិញចាប់ពីថ្ងៃទី១៥ ខែកញ្ញា
បន្ទាប់ពីមានការប្រកាសឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ក្រុមហ៊ុនអាការចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) បើកប្រតិបត្តិការ ហោះហើរឡើងវិញចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងការសាទរ ចំពោះបើកដំណើរការហោះហើររបស់ក្រុមហ៊ុន Cambodia Angkor Air ព្រមទាំងស្នើឲ្យក្រុមហ៊ុនពិចារណាអំពីការប្រតិបត្តិការហោះហើរឡើងវិញ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ មួយទៀត។
លោករដ្ឋមន្រ្តី ថោង ខុន បានរៀបរាប់នៅក្នុង ហ្វេសបុកផ្លូវការរបស់ក្រសួងទេសចរណ៍នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្នុងនាមក្រសួងទេសចរណ៍ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ដែលបានប្រកាសចាប់ផ្តើមប្រត្តិបត្តការហោះហើរឡើងវិញរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ កិច្ចប្រត្តិបត្តិការឡើងវិញនេះ គឺស្របទៅនឹងសំណូមពររបស់ភ្ញៀវទេសចរផ្ទៃក្នងយើង ដែលកំពុងមាននិន្នាការកើនឡើងសព្វថ្ងៃ ក្នុងបរិបទដែលកម្ពុជាយើងមានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ»។
ជាមួយនោះដែរលោករដ្ឋមន្រ្តី ថោង ខុន បានសម្តែងការសង្ឃឹមថា ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរនឹងពិចារណាអំពីការបើកប្រត្តិបត្តិការហោះហើរឡើងវិញ រវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលសព្វថ្ងៃនេះចរាចរណ៍តាមផ្លូវគោកកាន់តែតូចចង្អៀតដោយសារចំនួនរថយន្តកាន់តែច្រើន ដែលនេះក៏ជាសំណូមពររបស់ទេសចរផ្ទៃក្នុងប្រត្តិបត្តិករទេសចរណ៍ និងអ្នកវិនិយោគផងដែរ។
សូមជំរាបថា ការបើកដំណើរការជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ គឺឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវទេសចរណក្នុងស្រុក ដែលនឹងមានការកើនឡើង ក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យប្រពៃណីជាតិ ក៏ដូចជាការទទួលបានសុខសន្តិភាពពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕SP