រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំមន្ទីរសុខាភិបាលខេត្តរៀបចំឱ្យមានក្រុមគ្រូពេទ្យចល័ត និងប្រចាំការ បន្តការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំក្រុមការងារ ដែលមានវត្តមានលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រីរដ្ឋលេខាធិការពីរនាក់ និងមន្ត្រីសុខាភិបាលមួយចំនួនទៀត បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យថ្មពួក និងមូលដ្ឋានសុខាភិបាលមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៌ពីលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យក្រុមការងារដឹងថា: នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៩:២១ នាទី មានទឹកហូរធ្លាក់យ៉ាងគំហុក លិចពីប្រទេសថៃ ជន់លិចឃុំមួយចំនួនរបស់ស្រុកថ្មពួក ក្នុងនោះ បានធ្វើឲ្យមានការជន់ទឹកលិចមន្ទីរពេទ្យបង្អែកថ្មពួក ស្រុកប្រតិបត្តិថ្មពួក និងមណ្ឌលសុខភាពគំរូ ដែលទីតាំងទាំងបីនេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកថ្មពួក ដោយមានកំពស់ទឹកជន់លិច ប្រហែល១ម៉ែត្រ ហើយកន្លែងខ្លះអាចលើសពីនេះ។
ចំពោះអ្នកជម្ងឺចំនួន១៣នាក់ដែលកំពុងព្យាបាល ត្រូវបានជួយសង្រ្គោះជម្លៀសដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកស្វាយចេក បានទាន់ពេលវេលា ហើយករណីជំងឺធ្ងន់០១នាក់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តមង្គលបូរី រីឯអ្នកជម្ងឺផ្សេងទៀតចំនួន ២៧នាក់ ដែលមានសភាពធូរស្បើយ ខ្លះ បានសុំចេញទៅផ្ទះ ខ្លះទៀតត្រូវបាននាំយកចេញទៅសម្រាកនៅផ្ទះបងប្អូននៅជិតមន្ទីរពេទ្យដែលមិនលិចទឹក។|
រីឯសម្ភារ:-បរិក្ខាពេទ្យសំខាន់ៗ ដូចជា ម៉ាស៊ីនអេកូសាស្រ្ត ឱសថ និងបរិក្ខាពេទ្យសំខាន់ៗមួយចំនួន ត្រូវបានកម្លាំងកងទ័ពជួយអន្តាគមន៍លីសែងដាក់លើទូក យកមកលើគោក។ ចំពោះ អគ្គិសនី ត្រូវបានបិទទាំងស្រុង ហើយស្ថានភាពជាក់ស្តែង តាមការពិនិត្យជាបឋម ទំហំនៃការខូចខាតមន្ទីរពេទ្យបង្អែកថ្មពួកនេះ គឺអាចលើសពី ៧០%។ រីឯបុគ្គលិក និងក្រុមគ្រូពេទ្យមួយចំនួនធំដែលបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកថ្មពូក ក៏ត្រូវរងនូវទឹកជន់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការសោកស្តាយចំពោះគ្រោះទឹកជំនន់នេះ ហើយបានណែនាំមន្ទីរសុខាភិបាលខេត្ត ចាត់ចែងបន្ត ឲ្យមានក្រុមគ្រូពេទ្យចល័ត និងប្រចាំការ បន្តការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពពលរដ្ឋ និងណែនាំឲ្យរៀបចំផែនការសម្រាប់រៀបចំឡើ វិញនូវការខូចខាតទាំងប៉ុន្មាន ក្រោយពេលទឹកស្រកទៅវិញ ។
ព្រមទាំងអំពាវនាវឲ្យ មានការប្រុងប្រយ័ត្ន រក្សាអនាម័យដៃ និងខ្លួនប្រាណ ឲ្យបានជាប់ជាប្រចាំ អនាម័យចំណីអាហារ ពិសេសត្រូវប្រើប្រាស់ទឹកស្អាត ពិសារទឹកដាំពុះ ចៀសវាងជំងឺរាករូស រាកមួយ ឫពុលចំណីអាហារ ប្រយ័ត្នពស់ចឹក និងសត្វអសិរពិសទិចឫខាំ ការពារកូនចៅក្រែងលង់ទឹក និងការពារជំងឺឆ្លងដូចជាគ្រុនផ្តាសាយធំ គ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជំងឺរលាកផ្លូវដង្ហេីម ជំងឺកូវីដ-១៩ ជំងឺរលាកបំពង់ក កមរមាស់ជាដើម៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ