សម្ដេចក្រឡាហោម ស ខេង ៖ ជួយជនរងគ្រោះហើយ ត្រូវតែពន្លាតការស្រាវជ្រាវ និងបង្ក្រាបទីតាំងខុសច្បាប់ទាំងនោះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ច ត្រូវជួយជនរងគ្រោះហើយ ត្រូវចាប់ខ្លួនជនល្មើស និងបង្ក្រាបទីតាំងខុសច្បាប់ ដែលពាក់ព័ន្ធនឹងទម្រង់នៃអំពើជួញដូរមនុស្ស។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ក្រសួង បានទទួលបណ្ដឹងចុងក្រោយនេះចំនួន ១១៧ករណីហើយ ដោយគិតត្រឹមព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្ដេចបន្ថែមថា ក្នុងចំណោមបណ្ដឹងសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះនោះក៏មានជនរងគ្រោះជាបន្តបន្ទាប់ត្រូវបានសមត្ថកិច្ចជួយសម្រួលឱ្យបានចាកចេញពីទីកន្លែងការងារ បន្ទាប់ពីពួកគេ និងសាច់ញាច បានស្នើសុំកិច្ចអន្តរាគមន៍មកសម្ដេចផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក ឬតាមរយៈអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ។
សម្ដេច បានមានប្រសាសន៍ថា«មិនអាចគ្រាន់តែយកជនរងគ្រោះហើយក៏ចប់ភារកិច្ច មិនមែនទេ ត្រូវតែពន្លាតការស្រាវជ្រាវរបស់យើងឱ្យវាច្បាស់លាស់ ចប់ចុងចប់ដើម។ [រាយការណ៍មក]ថាអត់មានការបង្ខាំងទេ អត់មានការធ្វើទារុណកម្មទេ គ្រាន់តែ គ្រាន់តែអត់ឱ្យមានសិទ្ធិដើរទៅនេះ ដើរទៅនោះ អាហ្នឹងហើយឃុំខ្លួនគេ។ តាមពិតយើងមានសិទ្ធិអីទៅបិទគេ។ អាហ្នុងយ៉ាងណាក៏មានទំនួលខុសត្រូវ ធ្ងន់ឬស្រាលអាហ្នឹងតាមច្បាប់កំណត់ទៅ។ ប៉ុន្តែបើថាទៅហាមឃាត់សិទ្ធិសេរីភាពគេ ហើយថាវាអត់មានអីទេ វាអត់ត្រូវ តាមខ្ញុំយល់ ក្រែងខ្ញុំយល់វាមិនដល់ តែយើងទៅមានសិទ្ធិអីហាមឃាត់គេ?»។
សម្ដេច ស ខេង បានចាត់ទុកថា ជាការខុសឆ្គង ប្រសិនបើមន្រ្តីមានសមត្ថកិច្ចគ្រាន់តែចុះទៅសង្គ្រោះជនរងគ្រោះ ដ្បិតវានឹងក្លាយជាកម្មវត្ថុមួយទៀតនៃការរិះគន់ពីសហគមន៍អន្តរជាតិ។ សម្ដេចបានសង្កត់ធ្ងន់ថារាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។ សម្ដេច ថា បញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ។
សូមរំលឹកថា ក្រសួងការបរទេសអាមេរិក បានទំលាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាដល់លេខ៣ ជាចំណាត់ថ្នាក់ទាបបំផុត និងបង្ហាញថាកម្ពុជា ជារដ្ឋគ្មានឆន្ទៈបង្ក្រាបអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម ស ខេង បានបង្កើតក្រុមការងារដើម្បីបង្កើនប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបានចេញការប្រកាសអំពាវនាវទាំងភាសាខ្មែរ ចិន និងអង់គ្លេស ឱ្យសាធារណៈជនចូលរួមគាំទ្រកិច្ចប្រតិបត្តិការនេះតាមរយៈការរាយការណ៍មកផេកហ្វេសប៊ុកសម្ដេចផ្ទាល់ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ៕