ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា-នីហេ្សរីយ៉ា ក៏អាចអាចពិនិត្យលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការ នូវការងារឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើភេរវកម្ម ជាដើម។

នាឱកាសអនុញ្ញាតជូន លោស្រី Folakemi l.Akinleye ឯកអគ្គរដ្ឋទូតនីហេ្សរីយ៉ា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៨ កក្កដា សម្ដេច ស ខេង បានលើកឡើងជាគំនិតផ្ដួចផ្ដើម ដែលភាគីទាំងពីរអាចពិនិត្យលទ្ធភាព ក្នុងការរៀបចំយន្តការសហប្រតិបត្តិការជាទម្រង់អនុស្សារណៈ ឬក៏កិច្ចព្រមព្រៀងជាមួយគ្នា ដែលអាចផ្តល់លទ្ធភាពដល់ភាគីទាំងពីរ ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យជាផ្នែក ដែលភាគីទាំងពីរយល់ឃើញថា មានតម្រូវការចាំបាច់។

សម្ដេច បានលើកឡើងដែរថា «ភារកិច្ចស្នូលដ៏ធំមួយនៅក្នុងក្របខ័ណ្ឌ នៃសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ គឺការងារសន្តិសុខ ដូច្នេះហើយភាគីទាំងពីរក៏អាចពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ឬក៏ជាអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការងារសន្តិសុខ ជាពិសេសការងារឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្មជាដើម»។

ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីរីករាយចំពោះគំនិតផ្ដួចផ្ដើមរបស់ សម្ដេច ស ខេង ក្នុងការរៀបចំឲ្យមានក្របខ័ណ្ឌផ្លូវការនៃកិច្ចសហប្រតិបត្តិការតាមរយៈ MOU ឬកិច្ចព្រមព្រៀងណាមួយរវាងភាគីទាំងពីរ។

លោក បញ្ជាក់ថា នីហេ្សរីយ៉ា ក៏ត្រៀមខ្លួនធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចបាននូវគោលដៅរួម នៃគំនិតផ្ដួចផ្ដើមលើឯកសារកិច្ចសហប្រតិបត្តិការផ្លូវការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ