ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមនៅក្នុងកម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) ជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្វែងយល់អំពីលទ្ធផលសិក្សារបស់សិស្សានុសិស្ស ដោយពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើចំណេះដឹង ដែលអ្នកសិក្សាបានចេះដឹង ដោយវាស់វែងទៅលើការត្រៀមខ្លួនរបស់យុវជនកម្ពុជាសម្រាប់ពេលអនាគត និងដោយតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងអប់រំ បន្ដថា លទ្ធផលទាំងនេះ ត្រូវបានរំពឹងទុកថា នឹងទទួលបាន នៅដើមឆ្នាំ២០២៣ ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF lll) នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ថា ការស្វែងយល់អំពីកម្រិតសិក្សាបច្ចុប្បន្នរបស់កុមារ ពិតជាអាចជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ អាចវាស់វែងបាននូវវឌ្ឍនភាពទៅតាមកាលវេលា ប៉ុន្តែចំណុចសំខាន់ជាងនេះ ទៀតនោះ គឺវាបានផ្ដល់នូវទិន្នន័យផ្អែកលើភស្តុតាង សម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីគាំទ្រកាន់តែ ប្រសើរដល់សាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស នៅក្នុងការផ្តល់នូវទិសដៅ និងបង្ហាញនូវមាគ៌ាស្តារការ សិក្សាឡើងវិញ ហើយជាលទ្ធផលគឺសំដៅទៅរកការបង្រៀន និងការរៀនសូត្រនាពេលអនាគតដ៏មានគុណភាព ប្រសើរជាងមុន។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «កម្ពុជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងក្របខ័ណ្ឌវាយតម្លៃជាសាកលនេះ។ យើងរំពឹងទុក នូវការយល់ដឹងកាន់តែប្រសើរអំពីកម្រិតការសិក្សារបស់សិស្សានុសិស្ស ព្រោះវាមានសារៈសំខាន់ណាស់ ដើម្បី ធានាថាអន្តរាគមន៍នានារបស់យើងនឹងធ្វើឡើងចំគោលដៅយ៉ាងត្រឹមត្រូវ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ