ក្រសួងអប់រំ ស្រាយបំភ្លឺថា ការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម នឹងជួយបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា តាមខេត្តជាប់ព្រំដែន តាមរយៈបង្កើនទំហំពាណិជ្ជកម្ម
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្រាយបំភ្លឺថា ការបង្កើតដេប៉ាតឺសិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយដល់ការបង្កើតការងារធ្វើសម្រាប់ប្រជាជនកម្ពុជា រស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម។
ការស្រាយបំភ្លឺរបស់ ក្រសួងអប់រំ បែបនេះក្រោយសាធារណជនមួយចំនួន បានលើកឡើងពីមតិពាក់ព័ន្ធនឹងការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៩ សីហា បានឲ្យដឹងថា ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ត្រូវបានរៀបចំឡើងក្នុងឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដើម្បីជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំក្រុមប្រឹក្សាសង្គមវប្បធម៌អាស៊ាន។
ក្រសួង បន្ថែមថា ព្រមជាមួយគ្នានោះដែរ ការសិក្សាអាស៊ាន និងការសិក្សាភាសានៃប្រទេសអាស៊ាន រួមទាំង ការសិក្សាពីប្រទេសជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ពិតជាមានសារៈសំខាន់ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម, ការវិនិយោគទុន, ទេសចរណ៍, និងការអភិវឌ្ឍនៅតំបន់ព្រំដែន ដូចជា ការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសបាវិតនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម និងការអភិវឌ្ឍតាមបណ្ដាខេត្ត ដែលនៅ ជាប់ព្រំដែនថៃ និងឡាវ។
ក្រសួងអបរំ បានបញ្ជាក់ថា «ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម សម្រាប់បណ្តុះបណ្តាលលើមុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច នឹងជួយដល់ការបង្កើតការងារធ្វើសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម និងវិនិយោគពីប្រទេសវៀតណាមនៅកម្ពុជា»។
ក្រសួង បន្ដទៀតថា ម៉្យាងវិញទៀត ដេប៉ាតឺម៉ង់សិក្សាវៀតណាម នឹងជួយបណ្ដុះបណ្ដាលភាសាវៀតណាមរយៈពេល ១ ឆ្នាំ ដល់និស្សិតកម្ពុជា ដែលបានទទួលអាហារូបករណ៍ទៅរៀននៅសាធារណរដ្ឋសង្គមនិយមវៀតណាមជាង ១០០ នាក់ ចាប់ពីថ្នាក់បរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិតក្នុងមួយឆ្នាំ នាពេលកន្លងទៅ និស្សិតកម្ពុជាមានការលំបាកក្នុងការសិក្សា ដោយសារពួកគេទៅរៀនដោយមិនបានរៀនភាសាវៀតណាមជាមុន។
ក្រសួង បានឲ្យទៀតថា ក្រៅពីនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន និងកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រខាងផ្នែក ភាសាអង់គ្លេស ភាសាបារាំង ភាសាជប៉ុន ភាសាចិន ភាសាថៃ និងភាសាកូរ៉េផងដែរ។ លើសពីនេះ សាកលវិទ្យាល័យ ក៏មានរៀបចំការសិក្សាតាមវគ្គខ្លីៗផងដែរ៕EB